កោះសំរោងស្រុកខ្ញុំ (SAMRONG ISLAND)



បើនិយាយពីកោះសូទិន ឬ កោះប៉ែន ភាគច្រើនគេធ្លាប់បានឮ ឬ ក៏ស្គាល់ តែបើនិយាយពី “កោះសំរោង” ភាគច្រើនគេប្រហែលជាមិនបានធ្លាប់ស្គាល់ឬក៏ឮឈ្មោះកោះនេះពីមុនមកទេ ។
កោះសំរោង ស្ថិតនៅក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើយើងធ្វើដំណើរចេញពីភ្នំពេញទៅតាមបណ្តោយផ្លូវជាតិលេខ៦ យើងចំណាយពេលប្រហែល ២ម៉ោងកន្លះ ដើម្បីទៅដល់ទីរួមខេត្តកំពង់ចាម ជាមួយនឹងចំងាយផ្លូវប្រមាណ ១២៤គីឡូមែត្រ ។
​ពេលធ្វើដំណើរមកដល់ទីរួមខេត្តកំពង់ចាម យើងនឹងត្រូវឆ្លងកាត់ស្ពានមួយដែលជា ជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនដែលយើងហៅថាស្ពាន គីសូណា ស្ពាននេះជាប់ជាស្ពានដែលវែងជាងគេ នៅកម្ពុជា បន្ទាប់ពីស្ពាន កម្ពុជា-ថៃ នៅខេត្តកោះកុង ។

បើមើលពីលើស្ពានគីសូណា យើងនឹងឃើញកោះចំនួន២ មួយនៅខាងស្តាំ និងមួយនៅខាងឆ្វេង ខាងស្តាំដែលយើងឃើញនោះគឺ កោះប៉ែន ឯខាងឆ្វេងគឺ កោះសំរោង នេះឯង។
ការធ្វើដំណើរទៅ កោះសំរោង ត្រូវការធ្វើដំណើរដោយផ្លូវគោកផង និង ផ្លូវទឹកផង ពេលដែលយើងធ្វើដំណើរមកដល់ទីរួមខេត្ត យើងត្រូវធ្វើដំណើរប្រមាណ៩គីឡូមែត្រទៀតពីទីរួមខេត្តដើម្បីទៅដល់កំពង់ចំលងជីរោទ៍ និង ត្រូវឆ្លងសាឡាងប្រហែល១០នាទីដើម្បីទៅដល់ កោះសំរោង ។
​ខ្ញុំក៏ពុំបានដឹងច្បាស់ដែរហេតុអ្វីទើបគេហៅកោះនេះថា កោះសំរោង តែបើយើងពិនិត្យទៅលើឈ្មោះ សំរោង គឺជាឈ្មោះនៃរុក្ខជាតិព្រៃមួយប្រភេទ ដែលភាគច្រើនគេពុំសូវស្គាល់រុក្ខជាតិនេះប៉ុន្មានដែរ «កោះសំរោងក៏គេមិនសូវស្គាល់ ឈ្មោះដើមសំរោង ក៏គេមិនសូវស្គាល់» ។
តែយោងតាមអ្នកធ្លាប់ស្គាល់បានអោយដឹងថាដើមសំរោងមានដើមធំខ្ពស់ អាចមានកំពស់ពី២០ ទៅ ៣០ម៉ែត្រ និង មានមែកបែកសាខា ។

អត្ថប្រយោជន៍នៃដើមសំរោងនេះ គេអាចយកផ្លែវាទៅឆ្អើសម្រាប់ដាំទឹកផឹក ព្រោះវាអាចជួយបញ្ចុះទឹកនោម ឯគ្រាប់វាមានជាតិប្រេងដែលគេអាចយកទៅចម្រាញ់ជាប្រេងលាបទុកព្យាបាលជម្ងឺរមាស់បាន ។  ផ្លែសំរោង មានពណ៌ក្រហម ប៉ុនកណ្តាប់ដៃមនុស្សធំ ឯផ្កាវាមានក្លិនស្អុយ ជាហតុធ្វើអោយចាស់ពីដើមមិននិយមដាំវាក្បែផ្ទះទេ ។
ដូច្នេះប្រហែលជាពីដើមឡើយកោះនេះសម្បូរទៅដោយដើមសំរោងទើបគេហៅកោះនេះថា កោះសំរោង តគ្នារៀងមក ។
កោះសំរោងមាន៨ភូមិ អ្នកភូមិតែងហៅខ្លួនឯងថាអ្នកកោះហ្លួង និយាយដល់ត្រង់នេះអ្នកទាំងអស់គ្នាប្រហែលជាមិនសូវយល់ ថាហេតុដូចម្តេចបានជាកោះសំរោងផង កោះហ្លួងផង អ្នកនៅលើកោះសំរោង នៅលើកោះហ្លួងយ៉ាងម៉េច? មោះ! មកមើលប្រវត្តិទាំងអស់គ្នា ។

យោងតាមសៀវភៅ “ក្មេងសាលារាំង” និពន្ធដោយលោក ជុត ខៃ ដែលជាអ្នកស្រុក កោះសំរោង តែ ក្រោយរបប ប៉ុលពត ក្នុងឆ្នាំ១៩៨០ លោកបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងរហូតដល់បច្ចុប្បន្ន ។
លោក ជុត ខៃ បានរៀបរាប់ថា កោះហ្លួង ជាភូមិមួយនៃ កោះសំរោង លោកអ្នកប្រហែលជាឆ្ងល់ថា ហេតុដូចម្តេចបានជាកោះនៅលើកោះ?
មានសេចក្តីដំណាលថា៖ កាលពីចុងសតវត្សរ៍ទី១៩ កោះនេះសម្បូរទៅដោយ សត្វស្លាប គ្រប់ប្រភេទដូចជា ទុង ក្រសា លលក និង សត្វចតុបាតដូចជា ខ្លា ស្វា ជ្រូកព្រៃ ជាដើម ហើយកោះនេះពុំទាន់មានមនុស្សនៅទេ ។ ថ្ងៃមួយហ្លួង បាននាំអាមាត្រជាច្រើនមកដល់លើកោះ ព្រះអង្គក៏ចាប់ចិត្តស្រលាញ់សម្រស់ធម្មជាតិ នៅលើកោះនេះ ។
ព្រះអង្គក៏ចាប់ផ្តើមធ្វើការបរបាញ់ នៅពេលដេញបាញ់ជ្រូកព្រៃមួយ ព្រះអង្គក៏ប្រទះឃើញ ខ្ទមស្លឹកមួយ និង នារីដ៏ស្រស់ឆើតឆាយម្នាក់អង្គុយក្រងស្បូវ ព្រះអង្គក៏លាន់មាត់ម្នាក់ឯងថា៖
«យី! ព្រះអើយ អញមិននឹកស្មានថា មានទេពធីតាមកលាក់ខ្លួនលើកោះនេះសោះ»
បន្ទាប់មកព្រះអង្គក៏យកនាងធ្វើជាស្នំឯក តែនាងមិនព្រមទៅនៅវាំងជាមួយព្រះអង្គទេ ហ្លួងក៏ធ្វើដំណាក់មួយនៅលើកោះ ហើយឧស្សាហ៍យាងមកកម្សាន្តទីនេះជាញឹកញយ ។
ហេតុដូចនេះហើយបានជាគេអោយឈ្មោះកោះនេះថា កោះហ្លួង ។ នៅឆ្នាំ១៩៧០​ កោះនេះត្រូវបានទន្លេមេគង្គស្រូបបាត់ មិនខុសពី កោះអាត្លង់ទីត ដែលត្រូវមហាសមុទ្រ លេបបាត់ទៅក្រោមផ្ទៃទឹក កាលពីជាងមួយម៉ឺនឆ្នាំមុនយ៉ាងដូចឆ្នោះដែរ ។
ពេលធ្វើដំណើរមកដល់ទឹកដីកោះសំរោង អ្វីដែលគេឃើញមុនគេគឺដើមឬស្សី និង ដំណាំថ្នាំជក់ នៅលើកោះនេះដើមឬស្សីគឺសម្បូរខ្លាំងណាស់ មិនថាទៅដល់ណាដើមឬស្សីមានគ្រប់ទីកន្លែងនៅតាមបណ្តោយផ្លូវ ។
ងាកមកផ្ទះរបស់អ្នកស្រុកភូមិនៅទីនោះវិញ សម្បូរទៅដោយផ្ទះប៉ិត និង ផ្ទះកន្តាំង ដែលធ្វើអំពីឈើ តាមរចនាបទរបស់ខ្មែរយើង ខ្លះប្រក់ក្បឿង ខ្លះប្រក់ស័ង្កសី ទៅតាមលទ្ធភាព ។
ភាគច្រើនផ្ទះទាំងនោះគឺសល់តាំងពីសង្គមមក ផ្ទះខ្លះក៏ជួសជុលឡើងវិញ ឯងផ្ទះខ្លះទៀតនៅរក្សារចនាបទដើមស្ទើរទាំងស្រុង ។ ផ្ទះមួយចំនួន មានអាយុកាលវែង ច្រើនជាង១សតវត្សរ៍ និង ខ្លះទៀតចូលដល់២សតវត្សរ៍ក៏មាន ។

អ្នកស្រុកនៅលើកោះសំរោងភាគច្រើន រួសរាយរាក់ទាក់ ធ្វើការសស្រាក់សស្រាំតាំងតែពីព្រឹកព្រលឹមស្រាងៗ រហូតដល់ព្រលប់ ឯការប្រកបរប អ្នកខ្លះ លក់បាយគុយទាវ នំបញ្ចុក កាហ្វេ និងចាប់ហ៊ួយ ជាដើម ។
ជាទូទៅអ្នកស្រុកតាមស្រែចំការនានាតែងនិយមធ្វើស្រែ តែអ្នកស្រុករស់នៅលើកោះសំរោងវិញ ពួកគាត់និយមប្រកបរបដាំដំណាំថ្នាំជក់ទៅវិញ ដែលខុសពីប្រជាពលរដ្ឋតាមស្រុកស្រែចំការនានា ។ ក្រៅពីដំណាំថ្នាំជក់ពួកគាត់ក៏មានដាំដំណាំផ្សេងទៀតដែរ ដូចជា ចេក ពោត ល្ហុង មាន ននោង ត្រឡាច ល្ពៅ ជាដើម ។
ដំណាំថ្នាំជក់នេះមានតតាំងពីដូនពីតារាប់ជំនាន់មកហើយ សម្រាប់អ្នកស្រុកកោះសំរោង ។ ពេលយើងធ្វើដំណើរទៅដល់លើកោះ តាំងពីកំពង់ដរ ពីដើមភូមិ រហូតដល់ចុងភូមិ យើងអាចសង្កេតឃើញមាន ចំការថ្នាំជក់ និងថ្នាំជក់ព្យួររណេករណោកពេញក្រោមផ្ទះ ឬ រោងមុខផ្ទះ មិនសូវដាច់ ។

ក្រៅពីថ្នាំជក់អ្នកស្រុកកោះសំរោងក៏និយមចិញ្ចឹម គោ សេះ មាន់ ទា ជ្រូក ។ល។ ដែលនេះជាបច្ច័យទៅដល់ខ្យល់ ពេលបក់មកម្តងៗបាននាំក្លិនអាចម៍គោលាយនិងថ្នាំជក់មកជាមួយគ្នា ប្រៀបបាននឹងកាហ្វេក្រឡុកជាមួយនិងទឹកដោះគោ ដែលយើងហៅថា កាពូឈុីណូ យ៉ាងដូច្នោះដែរ ។
ក្លិននេះក៏បានពញ្ញាក់អារម្មណ៍យើងអោយមានអារម្មណ៍ប្លែកម្យ៉ាង ខុសពីស្រុកស្រែចំការនានា ធម្មតាគេធំក្លិនតែអាចម៍គោ ឬ អាចម៍ជ្រូក សុទ្ធសាធតែប៉ុណ្ណោះ ។
នៅរដូវក្តៅអាកាសធាតុគឺក្តៅមធ្យម និង ពុំសូវមានខ្យល់នៅពេលថ្ងៃ តែចាប់ផ្តើមពីក្បាលល្ងាចទៅអាកាសធាតុត្រនឹងចុះត្រជាក់បន្តិចម្តងៗជាមួយខ្យល់ទន្លេបក់មកវ៉ូៗប៉ះនឹងខ្លួនយើង រហូតដល់ធ្វើអោយយើងរងារនៅពាក់កណ្តាលយប់ ។
ចាប់ពីខែ៧ ឬ ខែ៨ ទៅ ទឹកអាចនឹងឡើងធ្វើអោយលិចកោះរហូតចូលដល់ភូមិ ឆ្នាំខ្លះទឹកតូច ឆ្នាំខ្លះទឹកធំ មិនសូវទៀង ។ ពេលខែទឹកឡើងម្តងៗការធ្វើដំណើរទៅទីជិតឆ្ងាយត្រូវធ្វើដំណើរដោយទូក រីឯ ជ្រូក គោ មាន់ ទា សេះ ជាដើម គេយកវាទៅដាក់ទីទួលណាខ្ពស់ៗដើម្បីសុវត្តិភាព ។

Comments