ពុទ្ធសាសនា (What Is The Real Purpose of Buddhism?)

ប្រទេសកម្ពុជាយើងមានប្រជាជនប្រមាណ ៩៧% ជាពុទ្ធសាសនិក ២% ឥស្លាមសាសនិក ០.៣% គ្រិស្តសាសនិក និងសាសនាផ្សេងៗទៀតប្រមាណ០.៥% ។ សាសនាបានដើរតួនាទីយ៉ាងសំខាន់ណាស់នៅលើពិភពលោក ក្នុងការគ្រប់គ្រងរដ្ឋដើម្បីអោយពលរដ្ឋក្នុងប្រទេសនោះរួមគ្នាជាធ្លុងមួយ។

ដើម្បីរៀបចំសភាវមនុស្សអោយមានរបៀប សីលធម៌ សុជីវធម៌ ក៏ដូចជាប្រទេសមួយអោយមានសណ្តាប់ធ្នាប់ ច្បាស់ណាស់ សាសនាបានដើរតួយ៉ាងសំខាន់។

តើសាសនាជាអ្វី?

សាសនាគឺជាមនោគមនវិទ្យាមួយ ដើម្បីគ្រប់គ្រងដួងព្រលឹង វិញ្ញាណមនុស្សជាតិ តែដើម្បីគ្រប់គ្រងទៅលើរូបកាយខាងក្រៅ របស់មនុស្ស គេត្រូវការពឹងផ្អែកទៅលើច្បាប់របស់ប្រទេស។ រាល់ទង្វើ សកម្មភាព ប្រាស់ចាកពីច្បាប់ប្រទេសដែលបានចែង និងអនុម័តដោយរដ្ឋធម្មនុញ្ញនៃប្រទេសនោះ ត្រូវទទួលទោស ទៅតាមទំហំករណីរបស់ខ្លួនដែលបានប្រព្រឹត្ត។

គោលដៅនៃសាសនាទាំងអស់គឺជាពាក្យណ្តាំ សម្រាប់ដឹកនាំមនុស្សជាតិអោយដើរលើផ្លូវត្រូវ រស់នៅប្រកបដោយ សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌ ទោះបីរបៀបនៃការបង្រៀនរបស់សាសនានីមួយៗមានលក្ខណៈផ្សេងៗគ្នាក៏ដោយ។

និយមន័យសាសនា

អ្នកប្រាជ្ញខ្មែរយើង ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា សាសនា មក​ពី​ពាក្យ សាស​នៈ ដែល​មាន​ន័យ​ថា​ពាក្យ​បណ្តាំ​, ពាក្យ​ផ្តាំ ផ្ញើ​, ពាក្យ​ប្រៀនប្រដៅ​  ឬការ​ប្រៀនប្រដៅ​ ។

ពាក្យសាសនា(Religion)ក្លាយមកពីពាក្យឡាតាំង Riligio ប្រែថាកិច្ចសន្យារវាងមនុស្សនឹងអាទិទេព ការស្តាប់បង្គាប់ព្រះជាម្ចាស់សួគ៌ ការឥតសន្ស័យលើអាទិទេព។

ប៉ុន្តែពិភពលោកបច្ចុប្បន្ន បានដើរមកដល់សម័យកាលមួយដែលមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា នេះគឺជាបដិវត្តមួយនៃរបៀបទទួលយកចំណេះដឹង និងរបៀបនៃការទទួលបានព័ត៌មានរបស់មនុស្សជាតិទូទាំងសកលលោក ។ ក្នុងឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណ ១១.៣៧លាននាក់ ស្មើនឹង ៦៧.៥% នៃប្រជាជនសរុបកំពុងប្រើប្រាស់អ៊ីនធឺណិត នេះបើយោងតាមវេបសាយ DATAPORTAL ។

ភាពរីកចម្រើននៃបច្ចេកវិទ្យានេះ ជាកត្តាមួយជួយជម្រុញទៅដល់ការយល់ដឹងរបស់មនុស្សក៏ដូចជាប្រជាជនកម្ពុជា បានយ៉ាងទូលំទូលាយទាក់ទងនឹងពុទ្ធសាសនា។ ភាពរីកចម្រើននេះហើយដែលធ្វើអោយប្រជាជនកាន់តែយល់ដឹងស៊ីជម្រៅថែមទៀតនៃការបង្រៀនរបស់ពុទ្ធសាសនា ការផ្លាស់ប្តូរឥរិយាបថអំពីការយល់ឃើញមកលើ ពុទ្ធិសាសនា ពីការបន់ស្រន់ ថាគឺជាការបង្រៀនបែប ទស្សនៈវិទ្យា។ 

តើអ្វីវត្ថុបំណងពិតប្រាកដក្នុងការសិក្សាពុទ្ធវចនៈ?

បច្ចុប្បន្នយើងទាំងអស់គ្នាសង្កេតឃើញថាការផ្សព្វផ្សាយព្រះធម៌ របស់ពុទ្ធសាសនាយើងមានភាពរីកសុះសាយក្រោមទម្រង់ផ្សេងៗគ្នា មានដូចជា វិទ្យុ ទូរទស្សន៍ ជាពិសេសតាមបណ្តាញសង្គម ខ្ញុំពិតជាជ្រះថ្លានិងយល់ឃើញថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសយើង នេះជាកម្លាំងចលករមួយក្នុងការរុញច្រាន និងបណ្តុះផ្នត់គំនិតពលរដ្ឋរបស់យើងអោយរស់នៅប្រកបទៅដោយគុណធម៌។

ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា បានផ្សាភ្ជាប់ជាមួយនឹងការរស់នៅរបស់ប្រជាជនខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ (មុនសម័យអង្គរទៅទៀត) ដូច្នេះហើយបានជាយើងឃើញថាបច្ចុប្បន្ន ការគោរពប្រតិបត្តរបស់ប្រជាជនយើងមានលាយឡំនឹងការបួងសួង និងការប្រារព្ធពិធីផ្សេងៗ មិនថានៅផ្ទះ ឬនៅទីណា ទោះបីនៅក្នុងទីអារាម ក៏យើងឃើញមាននូវការធ្វើពិធីការផ្សេងៗ ជាក់ស្តែងនេះក៏ដោយសារតែឥទ្ធិពលពីព្រហ្មញ្ញសាសនាដែលបន្សល់មកដល់ប្រជាជនយើងតាំងពីដូនតាយើងមកនោះឯង នេះគឺជាប្រវត្តិសាស្រ្ត និង​អរិយធម៌​របស់ខ្មែរយើង ដោយមិនអាចប្រកែកបាន

ជនសម័យទំនើបយើងបច្ចុប្បន្នមួយចំនួនដែលបានរៀនសូត្រ ពុទ្ធសាសនា បានជ្រៅជ្រះ តែដោយនៅជាប់មានះ ជាហេតុនាំអោយកើតមានការខ្វែងគំនិតគ្នា ក្នុងការប្រកាន់យកព្រះពុទ្ធសាសនាមកប្រតិបត្តិ ទាំងអស់នេះហើយជាបច្ច័យដែលនាំអោយបុគ្គលទាំងនោះកើតមាននូវ ទោសៈ រហូតក្លាយទៅជាការប្រកាន់និយមដោយមិនដឹងខ្លួន។

ឥលូវយើងមកដល់សំណួរដែលសួរថា៖ 

  • នេះឬជាគោលបំណងនៃការសិក្សាពុទ្ធសាសនា?
យើងមកពិចារណាទាំងអស់គ្នាពាក្យថា "ធម៌" តាមវចនានុក្រមរបស់សម្តេចជួនណាត ធម៌ មកពីពាក្យ បាលី សំស្រ្តឹត ប្រែថា "សភាវៈ ដែលទ្រទ្រង់សត្វលោក គឺ បុណ្យ បាប សុចរិត ទុច្ចរិត ធម្មជាតិ ប្រាជ្ញាញាណ គុណ សេចក្តីចម្រើន ការរិះគិត សង្ខារ កិរិយាមារយាទ បរិយត្តិ ។ល។"

បុគ្គលខ្លះសិក្សាពុទ្ធសាសនា ក្លាយទៅជាបុគ្គល អំនួត ហើយយូរៗទៅយករឿងចាញ់ ឈ្នះមកផ្សាភ្ជាប់នឹងការរស់នៅរបស់ពួកគេ។ បើយើងសិក្សាអំពីវត្ថុបំណង គ្រប់រឿងទាំងអស់ យើងនឹងធ្វើដំណើរនៅលើផ្លូវដែលយើងដើរប្រកបដោយភាពច្បាស់លាស់ និងប្រកបដោយបញ្ញា ។ 

មិនថាអ្នកណាកាន់សាសនាណា មេត្តាធម៌ ចរិយាធម៌ គុណធម៌ គឺជាគ្រឺះនៃធម៌ទាំងពួង បើមិនដូច្នោះទេមានន័យថា ពួកគេមិនយល់អ្វីទាំងអស់។

"យើងអាចវាស់កម្រិតនៃការអប់រំរបស់បុគ្គលម្នាក់បានតាមរយៈ ឥរិយាបថ"

ចំណាំ៖
វាមិនសំខាន់ថា តើគេយល់ឃើញបែបណានោះទេ សំខាន់នៅត្រង់ថា តើយើងយល់ឃើញបែបណា?
វាមិនសំខាន់ថា តើគេគិតបែបណានោះទេ សំខាន់នៅត្រង់ថា តើយើងគិតបែបណា?
វាមិនសំខាន់ថា តើគេចិត្តបែបណានោះទេ សំខាន់នៅត្រង់ថា តើចិត្តយើងបែបណា?
វាមិនសំខាន់ថា តើគេជាបុគ្គលបែបណានោះទេ សំខាន់នៅត្រង់ថា តើយើងជាបុគ្គលបែបណា?

"យើងមិនអាចគ្រប់គ្រង់ចិត្តអ្នកដទៃអោយគិតបែបណាមកលើយើងនោះទេ តែយើងអាចគ្រប់គ្រងចិត្តខ្លួនឯងថាតើគិតបែបណា យើងជាមនុស្សទីមួយដែលចាំបាច់ត្រូវគ្រប់គ្រង"

ការធ្វើបុណ្យ ទៅលើនរណាម្នាក់ មិនសំខាន់បុគ្គលនោះជាមនុស្សបែបណាទេ អោយតែចិត្តយើងសប្បាយយើងនឹងទទួលបុណ្យដែលយើងបានធ្វើ។

បើយើងស្វែងយល់អោយបានច្បាស់លាស់ យើងនឹងដឹងថា អត្ថន័យនៃពុទ្ធសាសនាគឺជាការណែនាំអោយមនុស្សលោក ស្វែងយល់ពីខ្លួនឯង គ្រប់គ្រងខ្លួនឯង តាមដានចិត្តខ្លួនឯង ជាជាងតាមដានអ្នកដទៃ ឬទៅស្វែងយល់ពីអ្នកដទៃ ។

គ្រប់យ៉ាងដែលកើតឡើងនៅលើលោកយើងនេះ ៩៩.៩៩% មិនកើតឡើងតាមការការរំពឹងរបស់យើង ហើយវាមិនអីទេ ជីវិតនៅតែបន្តទៅបាន ដោយមិនចាំបាច់ត្រូវការនរណាម្នាក់មកយល់ពីអ្នក៕ 

CREDIT: SONEAT HOR

Comments