តើយើងទប់កំហឹងដោយវិធីណា? How to never get angry


នៅក្នុងសៀវភៅ "សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍" បានសរសេរថា រោគកំណាចនៅក្នុងសតវត្សវ៍ទី១៩ គឺជម្ងឺសួត រោគកំណាចនៅក្នុងសតវត្សវ៍ទី២០ គឺជម្ងឺមហារីក ឯរោគកំណាចនៅក្នុងសតវត្សវ៍ទី២១ គឺជាជម្ងឺផ្លូវចិត្ត ។ កំហឹង​គឺជា​អារម្មណ៍មួយដែលកើតឡើង​ទូទៅលើមនុស្សគ្រប់គ្នា ប៉ុន្តែតើយើងត្រូវដោះស្រាយជាមួយវាដោយរបៀបណា? ។ ការដែលមនុស្សយើងមិនអាចគ្រប់គ្រងកំហឹងបាន អាចនាំអោយជះឥទ្ធិពលអាក្រក់ ប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត ទំនាក់ទំនងគ្រួសារ ស្នេហា ក៏ដូចជាការងារផងដែរ ។

ខាងក្រោមនេះជាគន្លឹះទាំង៩ ដែលខ្ញុំធ្លាប់បានអនុវត្តន៍

1.គិតមុនពេលអ្នកនិយាយ
ពេលដែលយើងកំពុងតែមានអារម្មណ៍មិនល្អ កំហឹងកំពុងពុះ ត្រូវប្រយ័ត្នសំដី នៅពេលនោះមាត់របស់យើងអាចនឹងរត់លឿងជាងខួរក្បាលទៅទៀត ពាក្យណាមួយដែលយើងបាននិយាយក្នុងពេលកំពុងខឹងនោះ អាចនាំអោយយើងសោកស្តាយនៅពេលក្រោយក៏ថាបាន។ ដូច្នេះសូមចំណាយពេលនៅស្ងៀមមួយសន្ទុះ នេះជាវិធីដើម្បីសម្រួលអារម្មណ៍ សមាធិ ប្រមូលគំនិត មុននឹងចាប់ផ្តើមហាមាត់បញ្ចេញពាក្យសំដី ។ 

ការដែលយើងធ្វើបែបនេះដៃគូររបស់យើង គាត់នឹងនៅស្ងៀមដូចគ្នា រាល់ពេលដែលវិវាទកើតឡើង ការជ្រើសរើសយកវិធីសាស្រ្តស្ងៀមស្ងាត់គឺជាជម្រើសដ៏ល្អបំផុត ។

2. រង់ចាំពេលដែលអារម្មណ៍ល្អ
នៅពេលដែលមានអារម្មណ៍ល្អប្រសើរហើយ និងដឹងថាគួរនិយាយអ្វីហើយ ចាំយើងជជែកជាមួយគាត់ យើងអាចបង្ហាញពីអារម្មណ៍ខកចិត្ត និងតម្រូវការ ប៉ុន្តែត្រូវដឹងថាការចរចារនេះមិនមែនជាការប្រឈមមុខដាក់គ្នាទេ និងមិនមែនដើម្បីបន្ថែមកំដៅឡើងវិញឡើយ ។

3. ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណនឹងអាចជួយកាត់បន្ថយភាពតានតឹង (stress) ដែលនេះវាជាកត្តាដែលឆ្ពោះទៅរកអារម្មណ៍មួរម៉ៅ ក្តៅក្រហាយ ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​ថា​កំហឹង​របស់យើងកំពុង​តែមានសន្ទុះឡើង សូមចំណាយពេលខ្លះដើម្បីហាត់ប្រាណ ឬក៏វិធីសាស្រ្តហាត់ណាមួយដែលយើងចូលចិត្តធ្វើ និងគិតថាអាចសម្រួលអារម្មណ៍យើងបាន ។

4. ចំណាយពេលសម្រាប់ខ្លួនឯង
ការផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ការផ្តល់ពេលវេលាស្ងប់ស្ងាត់មួយភ្លែត នឹងអាចជួយឱ្យអារម្មណ៍យើងបានប្រសើរជាងមុន ដើម្បីត្រៀមខ្លួនដោះស្រាយនូវអ្វីដែលកំពុងប្រឈម ជាជាងប្រើអារម្មណ៍ក្តៅមួយឆាវ ទៅដោះស្រាយ ។

5. កុំផ្តោតអារម្មណ៍ទៅលើបញ្ហា
ជំនួសឱ្យការផ្តោតទៅលើរឿងដែលធ្វើឱ្យអារម្មណ៍យើងមិនល្អ យើងអាចទៅធ្វើរឿងផ្សេងដើម្បីបន្លប់អារម្មណ៍មួយពេល ដូចជាការ រៀបចំបន្ទប់ បោកខោអាវ ឬក៏រឿងអ្វីផ្សេងទៀតដែលយើងគិតថាគួ ។ ត្រូវចាំថា កំហឹងនឹងមិនអាចដោះស្រាយអ្វីបាននោះទេ តែវានឹងធ្វើអោយបញ្ហាកាន់តែអាក្រក់ទៅៗ ។

6. ប្រុងប្រយ័ត្នក្នុងការប្រើពាក្យ
ការស្តីបន្ទោស ឬទំលាក់កំហុសអោយគ្នាទៅវិញទៅមក កាន់តែធ្វើអោយស្ថានការណ៍ក្តៅឡើងៗតែប៉ុណ្ណោះ។ អ្នកជំនាញបានលើកទឹកចិត្តអោយប្រើពាក្យ "ខ្ញុំ" ដើម្បីពិពណ៌នាអំពីបញ្ហាជាមួយដៃគូ អោយបានច្រើនជាងការប្រើពាក្យ "អ្នក" ដើម្បីពិពណ៌នាអំពីបញ្ហា ទៅដៃគូរ ចំនុចសំខាន់នៅពេលសន្ទនានោះដែរ យើងត្រូវចេះគោរពគ្នាទៅវិញទៅមក ។

7. កុំយកការសងសឹកជាគោល
ការអភ័យទោស គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដើម្បីបញ្ចុះកំដៅរាល់ស្ថានការណ៍ទាំងអស់ ។ ប្រសិនបើយើងបណ្តោយ ឱ្យកំហឹង និងអារម្មណ៍អវិជ្ជមានគ្រប់គ្រងលើអារម្មណ៍វិជ្ជមានរបស់យើង នោះយើងនឹងមានអារម្មណ៍កាន់តែពិបាកទទួលយក ។ ការអត់ទោស វាទំនងជាអាចជួយអោយយើងទាំងពីរនាក់រៀនសូត្រពីបញ្ហា និងពង្រឹងទំនាក់ទំនងកាន់តែរឹងម៉ាំ។

8. បន្ធូរអារម្មណ៍
ដកដង្ហើមវែងៗ មួយទៅពីរនាទី ទៅងូតទឹក ឬស្តាប់តន្ត្រី ក្នុងនោះមានវិធីសាស្រ្តផ្សេងទៀតដែលខ្ញុំបានសាកល្បងធ្វើ និងមានប្រសិទ្ធភាព ដូចជា អានសៀវភៅ ឬ សរសេរ តែសូមកុំសរសេនៅក្នុង បណ្តាញសង្គម អាចសរសេរក្នុង Notebook ឬ សរសេរជា Blog ដូចនេះក៏បាន និងចុងក្រោយ ការធ្វើយូហ្គា ជ្រើសក៏វិធីសាស្រ្តណាក៏ដោយដែលអ្នកគិតថាវាមានប្រសិទ្ធិភាពក្នុងការសម្រួលទៅដល់ផ្លូវអារម្មណ៍របស់អ្នក។

9. ត្រូវចេះស្វែងរកជំនួយ
ការរៀនគ្រប់គ្រងកំហឹងអាចជាបញ្ហាមួយដែលមិនងាយស្រួលពេកទេសម្រាប់មនុស្សមួយចំនួន ដូច្នេះហើយការស្វែងរកអ្នកប្រឹក្សា និងគ្រូពេទ្យជំនាញ គឺជាកត្តាចាំបាច់ប្រសិនបើដឹងខ្លួនថា អារម្មណ៍របស់ខ្លួនឯងលើសពីសមត្ថភាពក្នុងការគ្រប់គ្រង និងយល់ថា វាបានធ្វើឱ្យជះឥទ្ធិពលមិនល្អទៅមនុស្សជុំវិញខ្លួន ៕

Credit: Soneat Hor

Comments