ពាក្យ FINANCIAL BULLY ឬ FINANCIAL ABUSE វាមិនមែនជាពាក្យថ្មីទេសម្រាប់នៅប្រទេសជឿនលឿនមួយចំនួន ប៉ុន្តែខ្ញុំជឿថា ខ្មែរយើងមួយចំនួនធំមិនទាន់បានស្គាល់ពាក្យនេះនៅឡើយ ហើយក៏ប្រហែលជាពាក្យថ្មីសម្រាប់ពួកគាត់ក៏ថាបាន ខ្ញុំមានគម្រោងថានឹងសរសេរនូវអត្ថបទនេះគ្រាន់ទុកជាចំណេះដឹងទៅបងប្អូនកូនក្មួយផង សម្រាប់ប្រជាជនខ្មែរយើងផង និងជាឯកសារទុកផង ប៉ុន្តែមិនទាន់មានឱកាស។
ទើបតែថ្ងៃនេះមានឱកាសសរសេរ និងចងក្រងឡើង ដើម្បីចែករំលែកទៅបងប្អូនទាំងអស់គ្នាទុកជាចំណេះដឹងទៅថ្ងៃក្រោយ ដោយខ្ញុំយល់ឃើញថា ប្រជាជនខ្មែរយើងជាច្រើនប្រាកដជា កំពុងប្រឈមនឹងបញ្ហា ដូចដែលខ្ញុំលើកឡើងនេះមិនខាន គ្រាន់តែពួកគេមិនបានដឹងថា នេះជាទម្រង់នៃ FINANCAIL BULLY ដែលយើងបកថា ហិង្សាផ្នែកហិរញ្ញវត្ថ ឬ ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ ។
----------------------------------------------------------------------
តើអ្វីទៅជា FINANCIAL BULLY?
ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីបំភិតបំភ័យ ឬកេងប្រវ័ញ្ចទៅនរណាម្នាកើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុអាចកើតមានឡើងក្នុងបរិបទផ្សេងៗ រួមមាន ទំនាក់ទំនងផ្ទាល់ខ្លួន នៅកន្លែងធ្វើការ ពិសេសនៅក្នុងសង្គមគ្រួសារ។
ទាំងនេះគឺជាលក្ខណៈទូទៅ និងសកម្មភាពមួយចំនួនដែលទាក់ទងនឹងការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ៖
ការគ្រប់គ្រងហួសហេតុទៅលើហិរញ្ញវត្ថុ៖ មានចំនុចមួយចំនួនដែលយើងអាចដឹងថានេះជាការគំរាមកំហែងផ្នែកហិរញ្ញវត្ថុដូចជា៖ ការគ្រប់គ្រងលើធនធានហិរញ្ញវត្ថុ គណនីធនាគារ ប័ណ្ណឥណទាន ឬលំហូរប្រាក់ចំណូល ឬក៏អាចដាក់កម្រិតលើការចូលប្រើប្រាស់ថវិការ ឬធនធានដែលជាមធ្យោបាយនៃការប្រើអំណាច ឬជាការគ្រប់គ្រងហួសហេតុទៅលើភាគីម្ខាងទៀត។
ឧបាយកល៖ គេអាចប្រើការបង្ខិតបង្ខំ ឧបាយកល ឬការនិយាយជះឥទ្ធិពលលើការសម្រេចចិត្ត របស់ភាគីម្ខាងទៀតក្នុងការសម្រេចចិត្តទៅលើការប្រើប្រាស់ហិរញ្ញវត្ថុ ។ ពួកគេអាចដាក់សម្ពាធភាគីម្ខាងទៀតឱ្យធ្វើការសម្រេចចិត្តទៅលើការប្រើប្រាស់ហិរញ្ញវត្ថុ ដែលផ្តល់ផលប្រយោជន៍ពួកគេ ហើយពួកគេមិនខ្វល់ចំពោះតម្រូវការ ឬការចង់បានរបស់ភាគីម្ខាងទៀតឡើង ។
ការកាត់ទុកជំនួយផ្នែកហិរញ្ញវត្ថុ៖ ពួកគេអាចដកហូតការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងន័យដាក់ទណ្ឌកម្ម ឬការគ្រប់គ្រង ដោយប្រើប្រាក់ជាឧបករណ៍ដើម្បីបង្ខិតបង្ខំអ្នកដទៃឱ្យធ្វើតាមការទាមទារ នឹងការចង់បានរបស់ពួកគេ។
Gaslighting៖ (Gaslighting គឺជាទម្រង់មួយនៃការរំលោភបំពានផ្លូវចិត្ត ដែលមនុស្សម្នាក់ចោទឬដាក់បន្ទុកទៅភាគីម្ខាងទៀតក្នុងគោលបំណងអោយពួកគេដាក់សំណួរទៅខ្លួនឯងពីភាពស្អាតស្អំ ការចងចាំ ឬក៏ការយល់ឃើញពីការពិត ។ ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ក្នុងករណីនេះ (Gaslighting) ជាទូទៅពួកគេមានអាម្មណ៍ច្របូកច្របល់ ថប់អារម្មណ៍ ឬមិនជឿជាក់លើខ្លួនឯង ។)
Gaslighting គឺជាវិធីទូទៅមួយ ដែលបុគ្គលទាំងនោះប្រើដើម្បីបំភ្លៃការយល់ឃើញរបស់ជនរងគ្រោះចំពោះការពិតទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។ ពួកគេអាចបដិសេធ ឬកាត់បន្ថយការរួមចំណែក ឬទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងពេលដែលពួកគេស្តីបន្ទោសជនរងគ្រោះចំពោះបញ្ហាហិរញ្ញវត្ថុ ។
ការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ៖ ក្នុងករណីខ្លះ ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុអាចមានដូចជា៖ ការកេងប្រវ័ញ្ចពីអ្នកដទៃដើម្បីទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ ការលួចលុយ ក្លែងបន្លំហត្ថលេខា ។ សកម្មភាពទាំងនេះអាចប្រឈមមុខទៅនឹងផ្លូវច្បាប់ធ្ងន់ធ្ងរ និងនាំអោយមានមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរទៅជនរងគ្រោះ។
ផ្តាច់ខ្លួន និងឯករាជភាព៖ ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ អាចនាំអោយជនរងគ្រោះឆ្ពោះទៅរកការផ្តាច់ខ្លួនចេញពីប្រភពថវិកា ឬធនធានផ្សេងទៀត ។ បង្កើតអោយភាគីម្ខាងទៀតមានអារម្មណ៍ថា ឯករាជភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេត្រូវពឹងផ្អែកទាំងស្រុងទៅលើ បុគ្គលម្នាក់នោះ ។
ការរំលោភបំពានផ្លូវអារម្មណ៍ និងផ្លូវចិត្ត៖ ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ តែងតែភ្ជាប់មកជាមួយនឹងការរំលោភបំពានផ្លូវអារម្មណ៍ និងផ្លូវចិត្ត រួមទាំងការបំភិតបំភ័យ ការប្រមាថដោយពាក្យសំដី ឬឧបាយកលដែលរៀបចំឡើងដើម្បីបំបាត់ទំនុកចិត្តជនរងគ្រោះ ឬតម្លៃខ្លួនរបស់ជនរងគ្រោះ។
ផលប៉ះពាល់លើជនរងគ្រោះ៖ ការគំរាមកំហែងផ្នែកហិរញ្ញវត្ថុអាចមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសុខុមាលភាពហិរញ្ញវត្ថុរបស់ជនរងគ្រោះ សុខភាពផ្លូវចិត្ត និងគុណភាពជីវិតទាំងមូល។ វាអាចនាំឱ្យមាន ភាពតានតឹង ថប់អារម្មណ៍ និង ភាពអស់សង្ឃឹម រួមទាំងគ្មានអំណាច។
វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់សញ្ញានៃការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ និងស្វែងរកការគាំទ្រ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងជួបប្រទះការបំពានប្រភេទនេះ។
ជនរងគ្រោះទំនងជាទទួលផលវិជ្ជមានពីការទាក់ទងទៅមិត្តភ័ក្តិដែលអាចទុកចិត្តបាន សមាជិកគ្រួសារ ឬអ្នកជំនាញសម្រាប់ការផ្តល់ជាយោបល់។ ប្រសិនបើ សង្គម ឬ សមាជិកគ្រួសារយល់ដឹងអំពីបញ្ហានេះកាន់តែទូលំទូលាយ បើកចិត្តទទួលយក ខ្ញុំជឿជាក់ថា នៅក្នុងសង្គមគ្រួសារភាគច្រើន នឹងទទួលបាននូវសុខសុភមង្គល ។
នៅប្រទេសជឿនលឿន និង អភិវឌ្ឍ គេមានអង្កការក្រៅរដ្ឋាភិបាលក្នុងការគាំទ្រនិងផ្តល់ជូនថវិការ ព្រមទាំងណែនាំក្នុងរកដំណោះស្រាយ ក្នុងការរំលោភបំពានផ្នែកហិរញ្ញវត្ថុនេះ។
CREDIT: SONEAT HOR
Comments
Post a Comment