ពាក្យថា «សង្ឃ» គឺជាភាសាសំស្រ្តឹតដែលមានអត្ថន័យថា «សហគមន៍» ដែលត្រូវបានប្រើប្រាស់ជាចម្បងសំដៅទៅរកសហគមន៍អ្នកបួស ឯគោលដៅក្នុងការសាងផ្នួសគឺជាការស្វែងយល់ស៊ីជម្រៅពីធម្មជាតិនៃជីវិត ក្នុងលោក ដើម្បីលូតលាស់ខាងបញ្ញា ស្មារតី ចិត្តវិញ្ញាណ ជាការសិក្សាអំពីពុទ្ធវចនៈក្នុងន័យឆ្ពោះទៅរកការផ្តាច់ខ្លួនពី ហីនភេទ ដើម្បីឈានទៅរក ឧត្តមភេទ និង ការត្រាស់ដឹង រំលត់ទុក្ខ (LIFE SUFFERING) វាជារបៀប បែបផែននៃជីវិតមួយផ្សេង ដែលខុសពី ភេទជាគ្រហស្ថ ដូច្នេះហើយវត្តត្រូវបានសាងសង់ឡើងសម្រាប់ព្រះសង្ឃដើម្បីគង់នៅជាសហគមន៍មួយ ដាច់ពីសង្គមខាងក្រៅ ។ សង្ឃ ក៏មានក្នុងសាសនាផ្សេងៗដែរ ដូចជា គ្រិស្តសាសនា ហិណ្ឌូ និង ចេន ជាដើម។
បច្ចុប្បន្នប្រទេសយើង ព្រះសង្ឃ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំខាង បញ្ហា ស្មារតី និងសតិអារម្មណ៍ របស់ប្រជាជន ក៏ដូចជា ចិត្ត គំនិត ដើម្បីអោយពុទ្ធបរិស័ទ បានយល់ដឹង និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ។
វិស័យអប់រំបែបប្រពៃណី
តាំងពីសតវត្សទី៥ រហូតមកទល់នឹងរាជព្រះបាទ អង្គដួង ប្រទេសយើង ពុំទាន់មានសាលារៀននៅឡើយ (សាលារៀនដំបូងចាប់កំណើតក្នុងរាជព្រះបាទ នរោត្តម ) ប្រទេសយើងនៅបន្តការសិក្សាតាមបែបប្រពីណី ដោយក្មេងៗត្រូវបានបញ្ជូនទៅអោយសិក្សានៅឯវត្ត ដោយមានការបង្រៀនដោយផ្ទាល់ពីព្រះសង្ឃ។
ខ្មែរយើងកាន់ពុទ្ធសាសនា ការសិក្សាតែងតែផ្អែកលើពុទ្ធសាសនា តែប្រពៃណីការសិក្សានៅយកតាមលទ្ធិសាសនាព្រាហ្មណ៍ គឺយើងឱ្យកូនចៅទៅនៅវត្ត ព្រោះវត្ត ជាសាលារៀន វត្តជាសាកលវិទ្យាល័យ ។ វិជ្ជាគ្រប់បែបយ៉ាងស្ថិតនៅក្នុងវត្ត វត្តជាជង្រុក ជាឃ្លាំងសារពើវិជ្ជា អក្សរសាស្ត្រ គណិតសាស្ត្រ ហោរាសាស្ត្រ ពេទ្យសាស្ត្រ យុទ្ធសាស្ត្រ វិស្សកម្មសាស្ត្រ ។ល។
កូនស្រីប្រុស សុទ្ធតែជាសិស្សវត្ត ធនធានដែលចេញពីវត្តទៅ សុទ្ធតែជាសសរទ្រូងប្រទេសជាតិ មានដូចជាមហាក្សត្រ សេនាបតី នាម៉ឺន មន្ត្រី ឧកញ៉ា ។ ល។ (ពាក្យ «ក្រសួង» ខ្មែរបុរាណហៅថា «ទ្រូង»)
នេះហើយជាប្រពៃណីការសិក្សារបស់យើងពីបុរាណ បានជាគេហៅវត្តថា «ក្តី=កុដ្តិ» បានន័យថា អ្នកដែលចេញពីវត្តសុទ្ធជាអ្នក «ដឹងក្តី» ។
ការបួស និង ការសឹក
សង្គមខ្មែរបុរាណយើងមានប្រពៃណីអប់រំកូនកូនប្រុសតាមរយៈការបួសរៀន ចំណែកអប់រំកូនស្រីតាមរយៈការចូលម្លប់ ក្មេងប្រុសដឹងក្តីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ដល់ពេលពេញវ័យត្រូវបានបញ្ជូនឱ្យទៅបួសរៀន ។
កំឡុងពេលបម្រើព្រះសង្ឃ ក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀន អក្សរ លេខនព្វន្ត និងបង្រៀនសូត្រធម៌ ។ ចំពោះក្មេងប្រុសពេញវ័យត្រូវរៀនធម៌បួសផង និងរៀនអក្សរលេខនព្វន្តផងដំណាលគ្នា ។ ផ្អែកលើផ្នត់គំនិត (បួសដើម្បីសងគុណមាតាបិតា) ទាំងក្មេងប្រុសតូចៗដែលនៅបម្រើព្រះសង្ឃ ទាំងក្មេងប្រុសពេញវ័យ ។ ដល់ដំណាក់កាលមួយកំណត់ ការសាងផ្នួសដែលយ៉ាងតិចក៏មួយវស្សាដែរ ទើបសឹកវិញបាន ។
ការបួសរៀន គឺជាការទទួលការអប់រំផ្លូវចិត្ត អប់រំអារម្មណ៍មួយដ៏មានប្រសិទ្ធភាព ដែលសង្គមខ្មែរបុរាណទទួលស្គាល់ ជាទូទៅបន្ថែមលើការអប់រំផ្នែកចំនេះដឹងទូទៅ ចំណេះ ជំនាញ ការអប់រំសុខភាព ។
ខ្មែរយើងពីដើមយល់ឃើញថា ក្មេងប្រុសដែលធ្លាប់បានបួសរៀន ជាទូទៅតែងតែមាន ឧត្តមគតិ មានវិចារណញ្ញាណចេះគ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងគ្រួសារបានល្អ ។
ពុទ្ធបរិស័ទ មួយផ្នែកក្នុងសង្គមយើងបច្ចុប្បន្ន មានការគោរពនិង ស្រលាញ់ ព្រះសង្ឃ ជាជាងការគោរពប្រតិបត្តិ ទៅលើពុទ្ធវចនៈ ឬ ខ្លឹមសារនៃព្រះធម៌ ទើបនាំអោយមានការខ្វែងគំនិតគ្នា ទៅលើទស្សនៈ ឬ ការអនុត្ត ព្រោះតែការនិយមទៅលើបុគ្គលផ្សេងគ្នា ។
ពី «គ្រហស្ថ» មកជា «បព្វជិត» ពី «បព្វជិត» មកជា «គ្រហស្ថ» គឺជាហេតុធម្មតា ហេតុភេទនេះ មិនមែនទើបតែកើតមាននៅក្នុងសម័យបច្ចុប្បន្ននោះទេ គឺកើតមានឡើងតាំងតែពីបុរាណកាលមក ។ តែបច្ចុប្បន្ន ឃើញថាមានការជជែកវែកញែក និង ទទួលយកមិនបាន សម្រាប់លោកយាយលោកតា និង បរិស័ទមួយចំនួន កត្តានេះបណ្តាលមកពីការប្រកាន់ម៉ាំទៅលើបុគ្គលខ្លាំងហួសហេតុ ។
«បុថុជ្ជន» "យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះមានន័យថា ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង"
យើងក៏មិនអាចសន្មត់ថាព្រះសង្ឃត្រូវតែជាអរិយបុគ្គល ឬជនមិនមានកិលេសនោះទេ ព្រះសង្ឃលោកជាមនុស្ស ដែលមានសភាវៈដូចយើងគ្រប់គ្នា ។ គ្រហស្ថ ក៏ដោយ បព្វជិក ក៏ដោយ សុទ្ធតែជា បុថុជ្ជន ដូចគ្នា ការសិក្សារ យល់ឃើញ មានភាពខុសគ្នា គតិបណ្ឌិតរបស់សត្វលោកមានប្រព្រឹត្តឹទៅតាមលក្ខណៈផ្សេងៗគ្នា វាជារឿងធម្មតា ។ បើយើងកំណត់ខ្លួនយើងជាអ្នកកាន់ពុទ្ធសាសនា កុំកំណត់ភាពបរិសុទ្ធរបស់បុគ្គលណាម្នាក់ ចូរកំណត់ភាពបរិសុទ្ធរបស់ខ្លួនឯង អ្នកដទៃបែបណាមិនសំខាន់ទេ សំខាន់តើយើងគួរប្រព្រឹត្តិខ្លួនជាមនុស្សបែបណា ។
យើងអាចនិយាយមួយបែបទៀត គ្រូពេទ្យ ចេញមកពី សាមញ្ញជន ប៉ុន្តែ ទាំងគ្រូពេទ្យនិង សាមញ្ញជន សុទ្ធតែមានលទ្ធភាពមានជំងឺ ខុសគ្នាត្រង់ថា គ្រូពេទ្យដឹងពីវិធីសាស្រ្តព្យាបាល ឯសាមញ្ញជន ត្រូវទៅពិគ្រោះជាមួយ គ្រូពេទ្យជាមុនសិន ។
អ្នកទៅបួសប្រៀបបានទៅនឹង អ្នកកំពុងព្យាបាល ឬ អ្នកកំពុងធ្វើដំណើរតាមផ្លូវ ដ៏វែងអន្លាយ ដែលពុំងាយនឹងដល់គោលដៅ តែលោកដឹងថាផ្លូវត្រូវដើរដោយរបៀបណា ។ តែគ្រហស្ថយើងធម្មតា ក៏ចេះដើរដែរ តែប្រៀបបានទៅនឹង មនុស្សដែលដើរតាមផ្លូវងងឹត ដោយមិនដឹងថា នៅជុំវិញខ្លួនមានទិដ្ឋភាពបែបណា និងមានឧបសគ្គអ្វី នោះឡើយ ។
សរុបមក ការបួស គឺជាការរៀន ដូច្នេះហើយទើបយើងមានពាក្យថា បួសរៀន តែបើបួសរៀន ហើយមានឧបនិស្ស័យជាមួយពុទ្ធសាសនា ចង់នៅបម្រើនៅក្នុងសាសនារហូត បុគ្គលនោះអាចហៅថាជាបុគ្គលដ៏ប្រពៃ ឯបុគ្គលខ្លះទៀត មានឧបនិស្ស័យត្រឹមរយៈពេលណាមួយនោះ ក៏យើងមិនអាចកំណត់បាន វាជាផ្លូវនៃដំណើរជីវិតផ្សេងគ្នា ។
"Living with a Positive mind and Be Aware"
CREDIT: SONEAT HOR
Comments
Post a Comment