អតីតអគារសាលាខេត្តបាត់ដំបង មានអាយុកាលជាងមួយសតវត្សរ៍មកហើយបើគិតចាប់តាំងពីឆ្នាំ ១៩០៥ ។ អតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ ។
ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផងឲ្យមកអាជ្ញាធរបារាំង ។
ពេលលោកម្ចាស់កថាថន ឈុំ ផ្លាស់ទៅរស់នៅក្នុងខេត្ត Prachin Buri ប្រទេសថៃ ក្នុងឆ្នាំ១៩០៩ លោកបានសាងសង់លំនៅឋានថ្មីមួយទៀត ដែលស្ទើរតែដូចគ្នាបេះបិទនឹងអាគារចាស់នៅខេត្តបាត់ដំបងនេះដែរ ព្រោះសូម្បីតែជាងចម្លាក់ក៏លោកជួលពីអ្នកធ្លាប់ឆ្លាក់នៅផ្ទះចាស់របស់លោកមកដែរ។
ដូច្នេះហើយបានជាភ្ញៀវទេសចរណ៍មួយចំនួន ទាំងជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរទៅលេងប្រទេសថៃ និង បានធ្វើដំណើរមកលេងប្រទេសខ្មែរ មកដល់ខេត្តបាត់ដំបង បានប្រទះភ្នែកឃើញរូបរាងអគារដូចគ្នាទៅនឹងអគារដែលនៅក្នុងខេត្ត Prachin Buri ប្រទេសថៃ ធ្វើអោយមានការងឿងឆ្ងល់ថាហេតុអ្វីបានជាអគារនេះមានសណ្ឋានដូចគ្នា ។
ក្រោយមកអគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកទៀតជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥ ។ បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ។
Comments
Post a Comment