កោះកុង ជាខេត្តមួយនៅជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុង មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តព្រះសីហនុ ខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ ។
ខេត្តកោះកុង មានចម្ងាយ ២៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និង ៤៨ កាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ។
ខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលមួយ នៃបណ្តាខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ខេត្តនេះមើលទៅដូចឋានសួគ៌លើដី ។ ទេសចរជាច្រើន ពិតជាចាប់ចិត្តក្រៃលែងពេលបានទៅកម្សាន្តនឹងខេត្តនេះម្តងៗ ។សម្រស់ធម្មជាតិដ៏សែនស្រស់បំព្រង មិនខុសពីបទចម្រៀងដ៏ល្បីមួយបទដែលមានចំណងជើងថា “សម្រស់កោះកុង” ដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត។
កោះកុង មានតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និង រមណីយដ្ឋានធម្មជាតិ នានាជាច្រើនដែលទាក់ចិត្តទេសចរណ៍មិនអោយនឿយណាយនិងចង់ត្រលប់ទៅវិញ ក្នុងនោះមាន រមណីយដ្ឋានប្រវត្តិសាស្រ្ត ចេតិយឃុនឆាង-ឃុនផែន រមណីយដ្ឋានធម្មជាតិ ឆ្នេរប៉ាក់ខ្លង ព្រៃកោងកាង រមណីយដ្ឋានចាំយាម រមណីយដ្ឋានក្បាលឆាយ រមណីយដ្ឋានម៉ារីណា រមណីយដ្ឋានទឹកធ្លាក់តាតៃ ផ្ទះអណ្តែតតាមដងស្ទឹងតាតៃ រមណីយដ្ឋានអេកូទេសចរណ៍អារ៉ែង រមណីយដ្ឋានអេកូទេសចរណ៍ជីផាត រមណីយដ្ឋានវិស្សមកាលតារាសាគរ ឧទ្យានជាតិបទុមសាគរ កោះស្តេច កោះស្មាច់ កោះមូល កោះកាពិ កោះអណ្ដើក ជាដើម ។
Comments
Post a Comment