ធម្មជាតិបានបង្កើតជីវិតមនុស្សយើងមកដែលមានលក្ខណៈពិសេសខុសប្លែកពីសភាវៈដទៃទៀត លក្ខណៈពិសេសនេះហើយ ដែលនាំអោយមនុស្សយើងចេះគិត ចេះពិចារណា ទទួលអារម្មណ៍ ចេះខឹង ចេះសើច ចេះយំ ចេះស្អប់ និងចេះស្រលាញ់ ជាដើម ។
ហេតុដូចនេះហើយទើបពេលដែលមនុស្សយើងឈានមកដល់ភាពជាយុវវ័យ អារម្មណ៍ស្នេហាក៏កើតក៏មាន ហើយពេលដែលទំនាក់ទំនងអ្នកទាំងពីរកាន់តែរឹងម៉ាំឡើង ពួកគេក៏អាចរហូតទៅដល់ការកសាងគ្រួសាររួមគ្នាផងដែរ ។
ជីវិតគូ នៅពេលយើងឮពាក្យនេះភ្លាម មួយភាគធំអាចនឹងស្រមៃឃើញទៅដល់ទិដ្ឋភាព រំភើប រីករាយ ជាជាងស្រមៃទៅដល់រឿងអពមង្គល ។ ប៉ុន្តែជាការពិតណាស់ ទោះបីជាយើងមិនចង់គិតទៅដល់រឿងទាំងនោះ ឬក៏យើងមិនចង់ជួបប្រទះនូវរឿងទាំងនោះ ក៏យើងគ្រប់គ្នាអាច ឬក៏ត្រូវតែប្រឈមមុខនឹងវានៅថ្ងៃណាមួយ ។ ហើយនៅក្នុងសង្គមគ្រួសារមួយណា ក៏នឹងជៀសមិនផុតពីការទាស់ទែង ឬក៏កាខ្វែងគំនិតគ្នាជាដើម ។
ហេតុនេះហើយ ទើបខ្ញុំលើកដៃសរសេរនូវសំណេរនេះឡើង ដោយជាជាងអង្គុយស្ងៀមទុកអោយពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ មួយវិញទៀតក៏ទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយផង និងជាការចូលរួមចំណែកនៅក្នុងសង្គមជាតិផង ។
អ្វីដែលខ្ញុំលើកឡើងមក គឺចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ព្រមទាំងការសិក្សាស្វែងយល់ខ្លះៗពីការអានសៀវភៅមួយផ្នែកផងដែរ ។
១.ហិរញ្ញវត្ថុ (Financial)
កត្តាដំបូងគេនៅពេលដែលយើងចាប់ផ្តើមបង្កើតគ្រួសារបញ្ហាដែលយើងមិនអាចរំលងបានគឺ សេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារយើង ការចំណាយទូទៅ បើយើងប្រឈមនឹងការចំណាយច្រើន ដូច្នេះយើងត្រូវរកចំណូលអោយបានស្មើឬក៏លើសពីការចំណាយប្រចាំថ្ងៃរបស់យើង ។ ប្រសិនបើយើងមិនអាចរកចំណូលទប់ទល់ទៅនឹងការចំណាយរបស់យើងទេ យើងត្រូវកាត់បន្ថយចំណាយរបស់យើងវិញ ហើយប្រសិនបើយើងមិនអាចកាត់បន្ថយចំណាយរបស់យើងបានទេ យើងអាចប្រឈមនឹងការ បង្កើតបំណុល តែសូមជៀសវាងនូវការបង្កើតបំណុលបន្ថែមប្រសិនបើមិនចាំបាច់។
ហិរញ្ញវត្ថុ ដើរតួសំខាន់ណាស់នៅក្នុងការរស់នៅសព្វថ្ងៃនេះ មិនថា ទៅណា ឬក៏ធ្វើអ្វីក៏ដោយគឺលុយដើរទៅមុនជានិច្ច ដូច្នេះហើយបើយើងបង្កើតគ្រួសារលុយរឹតតែដើរតួនាទីសំខាន់ ប្រសិនបើគ្រួសារណាដែលមិនមាន ហិរញ្ញវត្ថុរឹងម៉ាំទេ ក្នុងពេលបច្ចុប្បន្ននេះសុភមង្គលក៏ពិបាកនឹងអាចកើតឡើងណាស់ ។
អ្វីដែលសំខាន់ជាងហិរញ្ញវត្ថុគឺការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវចេះគ្រប់គ្រងការចំណាយ និងចំណូលប្រសិនបើអ្នកទាំងពីរមិនមានអ្នកណាម្នាក់យល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុនោះទេ ច្បាស់ណាស់ការរស់នៅរបស់អ្នកទាំងពីរនឹងមិនអាចមានជីវភាពល្អប្រសើរបាននោះទេ "បើអ្នកមិនគ្រប់គ្រងលុយ លុយនឹងគ្រប់គ្រងអ្នកវិញ"។
២.សេចក្តីមេត្តា (Compassion)
ថ្វីត្បិតតែហិរញ្ញវត្ថុ ជាផ្នែកមួយសំខាន់ក្នុងការដឹកនាំគ្រួសារអោយចម្រុងចម្រើនប៉ុន្តែ ការរស់នៅជាមួយគ្នា ការប្រាស្រ័យទាក់ទងគ្នារវាងប្តីនិងប្រពន្ធ ក៏មិនមែនសុទ្ធតែពឹងផ្អែកទៅលើលុយទាំងស្រុងនោះដែរ ។ ភាពយោគយល់ អធ្យាស្រ័យ អត់ធ្មត់ គឺត្រូវការជាចាំបាច់រវាងអ្នកទាំងពីរ។
ជាទូទៅនៅក្នុងពិធីអាពាហ៍ពិពាហ៍ប្រសិនបើយើងចាប់អារម្មណ៍យើងពេលខ្លះយើងនឹងឮ លោកអាចារ្យអោយពរថា "ចាប់ពីពេលនេះទៅអ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នាហើយ មានរឿងតូចក្តីធំក្តីត្រូវចេះអត់អោនអោយគ្នា អធ្យាស្រ័យគ្នា" ក្រៅពីលោកអាចារ្យក៏មានចាស់ៗមួយចំនួនពេលចូលមកចងដៃពួកគាត់ខ្លះក៏បានលួចខ្សឹបប្រាប់យើងដែរ ដែលន័យពាក្យដែលគាត់ផ្តាំផ្ញើក៏មិនខុសគ្នាប៉ុន្មានពីលោកតាអារចារ្យពោលខាងលើដែរ ។
នេះសរបញ្ជាក់អោយដឹងថា ជីវិតប្តីប្រពន្ធ ជៀសមិនផុតនោះទេពីការឈ្លោះទាស់ទែងពាក្យសម្តីគ្នា ប៉ុន្តែអ្វីដែលអាចធ្វើអោយការរស់នៅជាមួយគ្នាប្រកបដោយ សុភមង្គលគឺ មេត្តានិងអធ្យាស្រ័យ ។
"ការសម្រេចចិត្តកសាងគ្រួសាររួមគ្នា ព្រោះយើងទាំងពីរមានគោលដៅរួមមួយ គឺសុភមង្គល មិនមែនឈ្នះចាញ់ ហើយក៏មិនមែនប្រកួតប្រជែង"
៣.បណ្តុះភាពស្និទ្ធស្នាល (Breeds Intimacy)
សេចក្តីសុខផ្លូវភេទគឺជាផ្នែកសំខាន់ក្នុងជីវិតជាប្តីប្រពន្ធ រវាងអ្នកទាំងពីរប្រសិនបើមានម្នាក់ជៀសវាងមិនចង់បង្កើតភាពស្និទ្ធស្នាលជាមួយនឹងដៃគូខ្លួន ឬក៏អ្នកទាំងពីរមិនសូវទទួលបានពីគ្នានោះទេ នោះទំនាក់ទំនងរបស់អ្នកទាំងពីរអាចប្រឈមនឹងហានិភ័យខ្ពស់ក្នុងចែកផ្លូវគ្នា [Sex is Long-Term Relationships] ។
ភាពស្និទ្ធស្នាលបំផុតដែលរាងកាយរបស់មនុស្សទទួលបានគឺការប៉ះពាល់គ្នា ហើយអារម្មណ៍ល្អបំផុតដែលទទួលបានគឺនៅពេលដែលដៃគូរបស់អ្នកបបោសអង្អែល ។ ដូច្នេះហើយផ្លូវភេទ វាបានជួយអោយអារម្មណ៍របស់មនុស្សយើងជ្រះស្រលះល្អ ហើយវាក៏ជាផ្នែកមួយនៃតម្រូវចាំបាច់របស់រាងកាយមនុស្សផងដែរ បើគ្មានវាទេ ភាពផ្សាភ្ជាប់នៃអារម្មណ៍ មនោសញ្ចេតនាវាងប្តីប្រពន្ធបស់អ្នកទាំងពីរអាចនឹងរសាត់អណ្តែតចេញពីគ្នា ។
"ទំនាក់ទំនងប្តីប្រពន្ធដែលល្អ គឺត្រូវផ្សាភ្ជាប់ទៅនឹងជីវិតផ្លូវភេទដែលមានសុខភាពល្អ"
៤.សុខភាព (Healthy)
ការថែរក្សាសុខភាពអោយល្អគឺជាផ្នែកសំខាន់នៃជីវិត ព្រោះថាអ្វីៗទាំងអស់ដែលយើងអាចសម្រេចគោលដៅបាន គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើសុខភាពល្អជាមុនសិន បើសុខភាពមិនសមប្រកប តើយើងអាចស្រមៃទៅដល់ សុភមង្គល បានដោយរបៀបណា? ។
ត្រូវចាំថាសុខភាពគឺគ្របដណ្តប់ទៅលើវិថីនៃជីវិតយើង មានពាក្យស្លោកជាភាសារអង់គ្លេសមួយសរសេរថា "Maintain your health to enjoy your earned wealth. Good health is the real earned wealth" ។
មានន័យថា "យើងត្រូវថែទាំសុខភាពអោយបានល្អដើម្បីរីករាយក្នុងការរកទ្រព្យសម្បត្តិ តែទ្រព្យសម្បត្តិដែលល្អបំផុតគឺសុខភាព"
នៅក្នុងសុខភាពទៀតសោតគឺបែងចែកជាពីរផ្នែកទៀត គឺ សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖ សុខភាពផ្លូវកាយគឺពឹងលើថ្នាំ ឯសុខភាពផ្លូវចិត្តមិនអាចពឹងពាក់តែលើថ្នាំបានទេ តែទោះជាយ៉ាងណាទាំងពីរនេះសុទ្ធតែត្រូវការការយកចិត្តទុកដាក់ជាចាំបាច់ ។
យ៉ាងណាមិញចំនុចដែលខ្ញុំបានលើកឡើងពីខាងលើគឺជាចំនុចគោលសំខាន់ៗ ប៉ុន្តែការរស់នៅជាមួយគ្នារៀងរាល់ថ្ងៃគឺយើងនឹងជួបរឿងរ៉ាវជាច្រើនទៀតដែលយើងមិនអាចប៉ាន់ស្មានបាន ដូច្នេះហើយ ប្រសិនបើអ្នកចង់បង្កើតសុភមង្គលពិតប្រាកដនៅក្នុងសង្គមគ្រួសារមួយ ខ្ញុំសូមជូនពាក្យមួយឃ្លា "ធ្វើខ្លួនអោយដូចទឹក ធ្វើឫកដោយដូចស្លឹកឈូក" ៕
CREDIT: SONEAT HOR
Comments
Post a Comment