ក្នុងកំឡុងឆ្នាំ២០២២ នៅពេលថ្ងៃត្រង់ខ្ញុំបានដើរទៅហូបបាយនៅក្នុងផ្សារបឹងកេងកង ដោយសារកន្លែងធ្វើការខ្ញុំនៅជិតផ្សារស្រាប់ ក្នុងផ្សារមានតូបបាយមួយល្បីសាច់គោអាំងទឹកប្រហុកឆ្ងាញ ខ្ញុំក៏ឧស្សាហ៍ទៅហូបនៅកន្លែងគាត់ដែរ ។ ពេលទៅដល់តូបគាត់ម្តងៗ យើងអង្កេតឃើញថាមានមនុស្សម្នាប្រជ្រៀតគ្នាកកកុញពេញមុខតូប បូករួមទាំងសំឡេងអ្នកលក់ហៅអ្នកធ្វើដំណើរទៅមកក្នុងផ្សា ធ្វើអោយទិដ្ឋភាពនោះមានសំឡេងកងរំពង ប្រៀបបានទៅនឹងកង្កែប ហ៊ីងយំ នារដូវវស្សា ។
ក្នុងពេលនោះដែរ មានព្រឹត្តិការណ៍មួយដែលបានកើតឡើង នឹងធ្វើអោយខ្ញុំចងចាំរហូតមកទល់ពេលបច្ចុប្បន្ន
មាននារីស្រស់ស្អាតម្នាក់ គាត់មកហូបបាយថ្ងៃនៅតូបនោះ គាត់បានប្រាប់ទៅលោកយាយដែលជាអ្នកអាំងសាច់ថា៖ យាយ! សាច់គោអាំងខ្ញុំមួយចាន ឆ្អិន៧០ភាគរយ ។
តែដោយលោកយាយ មិនដឹង៧០ភាគរយ នោះយ៉ាងម៉េច គាត់ក៏អាំងតាមតែទំលាប់គាត់រាល់ដង ពេលលោកយាយអាំងរួចរាល់ គាត់ក៏លើកសាច់គោនោះអោយ ។
នារីនោះពេលបានឃើញសាច់គោអាំងហើយ ក៏បា្រប់ទៅលោកយាយវិញថា៖ យាយ ខ្ញុំយក៧០ភាគរយ ។
លោកយាយក៏យកសាច់គោនោះទៅអាំងម្តងទៀត ហើយប្រហែលជា ៥ ទៅ ៦នាទី លោកយាយក៏លើកសាច់គោអាំងមកអោយម្តងទៀត ។
នារីនោះបានឃើញសាច់គោអាំងហើយ គាត់ក៏ប្រាប់ទៅលោកយាយម្តងទៀត(បែបទំនងជាខឹងផង) ថា៖ យាយ! ខ្ញុំយក៧០ភាគរយ ។
(កន្លែងនេះខ្ញុំដូចជាចង់ផ្ទុះសំណើចផងពេលដែលលោកយាយតប តែខំទប់)
ពេលនោះ លោកយាយក៏តបវិញថា៖ ហ៊ើយ! មិនដឹង៧០ភារយយ៉ាងម៉េចទៀតទេ! បើអាំងរាល់តែដងតែប៉ុណ្ណឹង!
ស្រាប់តែនារីនោះ ងរខ្ទើត ក្រោកដើរចេញទៅបាត់ ដោយគាត់អង្គុយរង់ចាំប្រហែលជាកន្លះម៉ោងទៅហើយ
ពេលនោះខ្ញុំគិតថាប្រហែលជាគាត់ធ្លាប់តែចូលហាងទំនើប ហើយកុម្មង់សាច់ឆ្អិន៧០ភាគរយ តែមកកុម្មង់លោកយាយ ៧០ភាគរយ លោកយាយម៉េចនឹងដឹង ៧០ ៨០ អាម៉េចទៅ លោកយាយ ដឹងតែម៉ាល្មមហូប ។
អ្វីដែលយើងអាចរៀនសូត្រក្នុងរឿងនេះ
យើងត្រូវរៀនទទួលស្គាល់ រៀនព្រម រៀនសម្រប យើងត្រូវចាប់អារម្មណ៍ថាគ្រប់ហេតុការណ៍ដែលកើតឡើង លើលោកនេះ ៩៩ភាគរយ លទ្ធផលគឺនឹងមិនកើតឡើងដូចការរំពឹងទុករបស់យើងឡើយ ព្រឹត្តិការណ៍ទាំងនោះ មិនមែនកើតឡើងតម្រូវយើងទេ ហើយក៏មិនមែនសម្រាប់តម្រូវនណារម្នាក់នោះដែរ គ្រប់ដំណើរជីវិតដែលយើងកសាងក៏មិនប្រាកដថា សម្របទៅតាមការរំពឹងរបស់យើង នោះដែរ ។ តែកត្តាមនុស្សជាធម្មតា មានទំលាប់ចង់អោយធម្មជាតិខាងក្រៅ តម្រូវតាមសេចក្តីចង់បាន និងការរំពឹងរបស់ខ្លួន ។
"រឿងគ្រប់យ៉ាងនៅលើលោកនេះ មិនខ្វល់នឹងអ្នកនោះទេ មានតែអ្នកទេដែលត្រូវខ្វល់នឹងខ្លួនឯង"
ព្រោះតែភាពមិនចេះសម្រប អាចនឹងនាំអោយអ្នកខាតបង់ធំទៅវិញ ព្រោះភាពមិនចេះសម្រប មកពីមានះ ការដែលមានភាពមានះខ្ពស់ ជាកត្តានាំអោយការរស់នៅមិនមានសភាពរលូន និងសុខដុមរមនា ក្នុងដំណើរជីវិត ។ ប្រសិនបើអ្នកគិតថា អ្នកកើតមកហើយគ្រប់យ៉ាងលើលោកនេះ លទ្ធផលប្រព្រឹត្តិទៅត្រូវស្របទៅតាមការរំពឹងរបស់អ្នកគ្រប់រឿងនោះ ខ្ញុំសូមប្រាប់ថា អ្នកគិតខុសហើយ ជីវិតគឺវាមិនមែនបែបនោះទេ ។
ពេលខ្លះការផ្លាស់ប្តូរការគិត ការផ្លាស់ប្តូរឥរិយាបថ តែបន្តិច ធ្វើអោយជីវិតអ្នកងាយស្រួលជាងមុន និង ស្រស់បំព្រងជាងមុន ជាជាងការប្រកាន់មាំ ដែលធ្វើអោយជីវិតអ្នក ពោរពេញទៅដោយសភាពអាប់អួ ។ នោះវាជាការធ្វើឡើងដើម្បីខ្លួនឯង មិនមែនដើម្បីអ្នកណានោះទេ ចុះបើដើម្បីខ្លួនឯង តើយើងចាំបាច់ស្ទាក់ស្ទើរធ្វើអ្វី?។
ការដែលយើងនិយាយថា រៀនព្រម រៀនផ្លាស់ប្តូរឥរិយាបថ ឬផ្លាស់ប្តូរការគិត មិនមែនមានន័យថា អោយយើងបណ្តែតបណ្តោយជីវិតយើង ដូចចកក្នុងបឹងនោះទេ តែត្រូវធ្វើខ្លួនអោយដូចផ្កាឈូក ដែលដុះចេញពីភក់ ទោះជាភក់ជ្រាំយ៉ាងណាក៏ផ្កាឈូកខំលូតឡើងមកលើទឹកបាន តែនៅត្រង់ថា ពេលឡើងមកដល់លើទឹកហើយ ផ្កាមានសភាពបែបណា ក៏វាមិនជាបញ្ហាសម្រាប់ផ្កាឈូកដែរ មិនថាផ្កាតូចមិនស្អាត ផ្កាជាំ ឬពណ៌មិនល្អ ផ្កាឈូកនៅតែជាផ្កាឈូក ហើយនៅតែជាប្រយោជន៍ទៅដល់មនុស្សទូទៅ ។
Credit: soneat hor
Comments
Post a Comment