កូនជ្រូកអ្នកណាក៏ស្គាល់ដែរថាជារបស់សម្រាប់ដាក់លុយសន្សំ ជាទូទៅត្រូវបានប្រើប្រាស់ដោយកុមាតូចៗ ក្នុងនោះក៏មានមនុស្សធំមួយចំនួនផងដែរ ។ ផ្អែកលើបទពិសោធន៍ជាក់ស្តែង ខ្ញុំចង់ចែករំលែកអំពីអត្ថប្រយោជន៍មួយចំនួនពីការប្រើប្រាស់ កូនជ្រូក ដែលខ្ញុំជឿថាជាទូទៅ ពុំសូវមានអ្នកចាប់អារម្មណ៍ ។
ការបង្រៀនកូនឱ្យចេះប្រើកូនជ្រូកគឺជាវិធីសាស្រ្តដ៏ល្អមួយក្នុងការបណ្តុះទម្លាប់ និងជំនាញហិរញ្ញវត្ថុ របស់ពួកគេតាំងពីតូច វាមិនមែនមានន័យថា យើងបង្រៀនអោយពួកគេអោយក្លាយជាមនុស្សគម្រិះនោះទេ ផ្ទុយទៅវិញ វាជាការបង្រៀនពួកគេអោយក្លាយជាមនុស្សចេះ សន្សំសំចៃ សន្សំសំចៃ មានន័យថា មានទម្លាប់ល្អក្នុងការចាយវាយ ចេះទុកចេះដាក់ និង ចេះគ្រប់គ្រងហិរញ្ញវត្ថុ ជាមនុស្សមានគំនិត POSITIVE ខុសពី គម្រិះ មានន័យថា ដៃមិនទូលាយ ជាមនុស្ស មានគំនិត NEGETIVE ។
ប្រាំពីរចំនុចដែលយើងគួបង្រៀនកូនៗឱ្យប្រើកូនជ្រូក៖
1.ទម្លាប់សន្សំប្រាក់៖ ការប្រើប្រាស់កូនជ្រូក វាដូចជាការលើកទឹកចិត្តកុមារឱ្យបង្កើតទម្លាប់សន្សំប្រាក់ក្នុងជីវិតដំបូងរបស់ពួកគេ តាមរយៈការដាក់ប្រាក់ជាទៀងទាត់ទៅក្នុងកូនជ្រូករបស់ពួកគេ កុមារនឹងរៀនពីសារៈសំខាន់នៃការកំណត់គោលដៅ តម្រូវការ ឬគោលដៅនាពេលអនាគត ជាជាងចំណាយវាភ្លាមៗ។
2.ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ កូនជ្រូកនឹងជួយកុមារឱ្យរៀនពីគោលគំនិតហិរញ្ញវត្ថុជាមូលដ្ឋាន វាផ្តល់ឱកាសឱ្យកុមារអនុវត្តជំនាញគណិតវិទ្យា និងទទួលបានចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងលុយ។
3.ភាពអត់ធ្មត់៖ កុមារនឹងបណ្តុះភាពអត់ធ្មត់ ហើយពួកគេក៏នឹងរៀនលះបង់នូវសេចក្តីចង់បានភ្លាមៗ ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែង។ ក្រៅពីការអភិវឌ្ឍភាពអត់ធ្មត់ ក្នុងនោះកុមារនឹងរៀនគ្រប់គ្រងខ្លួនឯង និង វិន័យ ទាំងនេះសុទ្ធតែជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យរបស់ពួកគេក្នុងវិស័យផ្សេងៗនៃជីវិត។
4.ការកំណត់គោលដៅ៖ កុមារនឹងរៀនពីរបៀបកំណត់គោលដៅនូវរបស់ណាមួយដែលគេចង់បាន ដែលជាក្តីស្រមៃណាមួយរបស់ពួកគេ ។ ពួគេនឹងឆ្ពោះទៅរកក្តីស្រមៃនោះផ្អែកតាមពេលវេលាដែលពួកគេបានដៅ ។ មិនថាពួកគេកំពុងសន្សំសម្រាប់ប្រដាប់ប្រដាក្មេងលេង ឬរបស់ណាមួយនាពេលអនាគត ការមានគោលដៅជាក់លាក់ នឹងជំរុញទឹកចិត្តកុមារឱ្យសន្សំ និងជួយពួកគេឱ្យយល់អំពីអត្ថប្រយោជន៍នៃភាពអត់ធ្មត់ និងការតស៊ូក្នុងជីវិត។
5.ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ៖ កុមារនឹងរៀនអំពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ព្រមទាំងសារៈសំខាន់នៃការទុកដាក់ប្រាក់របស់ពួកគេអោយបានត្រឹមត្រូវ ។ ពួកគេនឹងរៀនគ្រប់គ្រងលុយដោយយកចិត្តទុកដាក់ តាមដានការសន្សំរបស់ពួកគេ និងធ្វើការសម្រេចចិត្តអំពីរបៀបបែងចែកប្រាក់សន្សំរបស់ពួកគេដោយភាពឆ្លាតវៃ។
6.ឯករាជភាព៖ កុមារនឹងមានអារម្មណ៍នៃភាពជាម្ចាស់ ពួកគេនឹងមានអារម្មណ៍ថា មានទំនួលខុសត្រូវចំពោះ ហិរញ្ញវត្ថុរបស់ពួកគេ វាជាការជម្រុញពួកគេឱ្យមានឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង ។
7.តម្លៃគ្រួសារ៖ ការប្រើកូនជ្រូក គឺជាមធ្យោបាយដ៏ល្អមួយ សម្រាប់វែកផ្លូវទៅដល់គ្រួសារក្នុងការជួយដល់កូនៗរបស់ពួកគេអោយយល់ដឹងអំពី ការសន្សំសំចៃ ការទទួលខុសត្រូវ និងធនធានរបស់កូនៗ។ វាក៏អាចជាឱកាសសម្រាប់ឪពុកម្តាយគ្រប់រូបជជែកលេងជាមួយកូនៗរបស់ពួកគេអំពីប្រាក់កាក់ ព្រមទាំងគោលដៅ ហិរញ្ញវត្ថុ របស់ពួកគេ ហើយនេះក៏ជាកត្តាជំរុញឱ្យពួកគេមានគំនិតវិជ្ជមានចំពោះការគ្រប់គ្រងសាច់ប្រាក់នៅក្នុងសង្គមគ្រួសារនាពេលអនាគតផងដែរ ។
សរុបមក ការបង្រៀនកុមារឱ្យប្រើកូនជ្រូក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ និងជាមូលដ្ឋានគ្រឹះដំបូងសម្រាប់កុមារទូទៅសម្រាប់អោយពួកគេយល់ដឹងអំពីហិរញ្ញវត្ថុ ហើយក៏ជាមូលដ្ឋានគ្រឹះក្នុងការបណ្តុះទម្លាប់ល្អនៅក្នុងហិរញ្ញវត្ថុ ទាំងនេះនឹងក្លាយជាប្រយោជន៍ពេញមួយជីវិតរបស់ពួកគេ ។
តាមរយៈការលើកទឹកចិត្តដល់ការសន្សំ ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការលើកកម្ពស់ការគ្រប់គ្រងប្រាក់ប្រកបដោយការទទួលខុសត្រូវ កូនជ្រូកដើរតួនាទីដ៏មានតម្លៃក្នុងការរៀបចំអាកប្បកិរិយា ការយល់ឃើញរបស់កូនៗរបស់អ្នកចំពោះប្រាក់កាក់ ព្រមទាំងផ្តល់សិទ្ធិ អំណាច ឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយបញ្ញានាពេលអនាគត។
ចំពោះអ្នកជាឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំ តម្រង់ផ្លូវ កូនៗរបស់អ្នកឆ្ពោះទៅរកក្តីស្រមៃ និង អនាគត របស់ពួកគេអោយភ្លឺស្វាង សូមចូលរួមតម្រង់អនាគតកូនៗរបស់អ្នក ។
CREDIT: SONEAT HOR
Comments
Post a Comment