ដើមឈើទាល ជាឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស ។
ដើមឈើទាល ស្តេចរុក្ខជាតិនៅក្នុងតំបន់ត្រូពិចដើមឈើទាលមានកំពស់ រហូតដល់ទៅ ៤០ ទៅ ៥០ ម៉ែត្រ និងអាចមានបរិមាត្រ រហូតដល់ទៅ ៧ម៉ែត្រ វាត្រូវបានគេចាត់ទុកជាស្តេចរុក្ខជាតិ នៅក្នុងតំបន់ត្រូពិច ។
ដើមឈើទាលច្រើនណាស់នៅស្រុកខ្មែរ ជាពិសេសនៅក្រុងសៀមរាប លើសួនច្បារមុខព្រះរាជដំណាក់ និងនៅបរិវេណប្រាសាទអង្គរ ហើយនៅទីក្រុងភ្នំពេញ នៅម្តុំសួនវត្តភ្នំ ក៏មានច្រើនដែរ ។
ខ្មែរបុរាណយល់អំពីសារៈសំខាន់របស់ដើមឈើទាលណាស់ ហេតុនេះហើយទើបមានពាក្យមួយឃ្លាថា «ជ័រចុងយកពីដើមផ្ចឹក ជ័រទឹកយកមកពីដើមគ្រើល ឬដើមឈើទាល» ហេតុដូច្នេះហើយ បានជានៅបរិវេណអង្គរ យើងឃើញនៅនឹងគល់ដើម មានប្រហោងពណ៌ខ្មៅមួយ ដែលកើតឡើងដោយសារប្រជាជនដុតដើមឈើទាល ដើម្បីយកជ័រទឹកទៅប្រើប្រាស់ ហើយការដុតនេះមិនបានសម្លាប់ដើមឈើទាលនោះទេ ។ ជ័រទឹកបានពីដើមឈើទាល គេអាចយកទៅបៀកលើទូក កុំឲ្យទឹកចូល ឬយកទៅបិតគ្រឿងស្មុគម្រ័ក្ស ដើម្បីឲ្យប្រើប្រាស់បានយូរ មិនងាយពុកផុយជាដើម ។
ខ្មែរយើងក៏មានជារឿងនិទានទាក់ទិន្ននឹងដើមឈើទាលនេះផងដែរ គឺរឿង «ដើមកោងកាងនិងដើមឈើទាល» ។ ចំណែកឯនៅទឹកដីកម្ពុជាក្រោមឯណោះវិញ រឿងដើមឈើទាលនេះក៏មានទាក់ទិន្ននឹងការស្លាប់របស់លោក ឧកញ៉ា សឺនគុយ វីរៈបុរសស្នេហាជាតិ របស់ខ្មែរយើងផងដែរ ។
Comments
Post a Comment